រាជធានីភ្នំពេញ ៖ សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលជាមរតកដូនតាខ្មែរ និងជាសម្បតិ្តបេតិកភណ្ឌពិភពលោក ត្រូវបានលាតត្រដាង ជាបណ្តើរៗហើយ ។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានប្រកាសនាព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ។

លោក ហេង រតនា បានបន្តថា សូមអរគុណចំពោះអង្គការ UNESCO-ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត ។ អង្គភាព CMAC បានធ្វើការស្រាវជ្រាវព័ត៌មាន និងការពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ ហើយបានរកឃើញថា ទាហ៊ានថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ចំនួន៥០១គោលដៅ លើតួប្រាសាទ ដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង៥៦០កន្លែង ។

ទន្ទឹមនឹងនេះ ក៏អាចកំណត់បានថា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារនេះ មានផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ការសម្របសម្រួល និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារ ដែលមរតកដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏កម្រ និងកំសត់បំផុតមួយនេះ។

មានសង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិនេះ ៕







