សហរដ្ឋ​អាមេរិក​ ចាប់​អារម្មណ៍​បណ្ដាក់​ទុន​វិនិយោគ​នៅកម្ពុជា លើ​វិស័យ​ភស្តុភារ ​ផលិតកម្ម ​និង​កសិកម្ម

 ក្រុមហ៊ុនធំៗ​របស់​សហរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ​លើវិស័យភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ ​ផលិតកម្ម ​និងកសិកម្ម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់​ធុរកិច្ចអាស៊ាន​​សម្រាប់កម្ពុជានៅថ្ងៃទី ​៩ ​កញ្ញា ​២០២៦ ​បានជួបពិភាក្សាការងារជាមួយ​ គណៈ​ប្រតិភូធុរកិច្ច​អាមេរិក ​​ដឹកនាំដោយ​លោកស្រី ចាន់ ​សុខវាសនា ​ស្ថាបនិក និងជាប្រ​ធាន​សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (ACBC)។​

​លោកស្រី ​បានបង្ហាញនូវបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការពង្រឹង ​និងពង្រីកទំនាក់ទំនងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ​ និងស៊ីជម្រៅបន្ថែមទៀត។ ​

​លោកស្រីសង្ឃឹមថា ​តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា ​សភា​ពាណិជ្ជ​កម្ម​អាមេរិក-កម្ពុជា​ ​នឹងអាចបង្កើនកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនង​រវាង​ធុរជននៃ​ប្រទេស​ទាំងពីរឱ្យកាន់តែជិតស្និទ្ធ ​និង​មានប្រសិទ្ធភាពខ្ពស់។​

​អ្នកឧកញ៉ា គិត ម៉េង ​បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តរបស់​សភាពាណិជ្ជកម្ម​អាមេរិក-កម្ពុជា ក្នុងការចូលរួមពង្រឹងស្ពានសេដ្ឋកិច្ចតភ្ជាប់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។​

​​អ្នកឧកញ៉ា គិត ម៉េង ​បានបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ​និងយូរអង្វែងរយៈពេល ៧៦ ឆ្នាំ​(១៩៥០-២០២៦) ​ព្រមទាំងបានរំលេចនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរវាងប្រទេសទាំងពីរ។

​អ្នកឧកញ៉ាប្រធាន ​បានបន្ថែមថា ​សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតមួយ​ និងជាដៃ​គូពាណិជ្ជ​កម្ម​ដ៏សំខាន់របស់កម្ពុជា​ ដោយទំហំពាណិជ្ជកម្មទ្វេភាគី​បានកើនឡើងជាលំដាប់។ ​

​លើសពីនេះ វត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោករបស់អាមេរិកដូចជា Coca-Cola Ford Chevron Caltex និង GE បានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្តលើបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលបច្ចុប្បន្ន​មាន​សន្តិភាព ស្ថិរភាពនយោបាយ និងឆ្ពោះទៅរកចក្ខុវិស័យប្រែក្លាយជាប្រទេស​មានចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​២០៥០៕

Previous Post Next Post