នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នាវា INS Kulish ដែលជានាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាវាកងទ័ពជើងទឹកឥណ្ឌាមកកាន់ទីតាំងមូលដ្ឋានជើងទឹកកម្ពុជាមួយនេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ដំណើរទស្សនកិច្ចជាផ្លូវការនេះ បានគូសបញ្ជាក់ពីដៃគូលើផ្លូវសមុទ្រទ្វេភាគីកាន់តែរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុង «ឆ្នាំនៃកិច្ចសហប្រតិបត្តិការសមុទ្រអាស៊ាន-ឥណ្ឌា ២០២៦» ដែលជារបៀបវារៈបង្កើតឡើងដោយថ្នាក់ដឹកនាំភាគីទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខសមុទ្រ ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ (HADR) និងសេដ្ឋកិច្ចពណ៌ខៀវ។

នៅក្នុងបរិបទនេះ ដំណើរទស្សនកិច្ចនាវាបានជួយពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការកសាងដៃគូលើផ្លូវសមុទ្រឱ្យកាន់តែរឹងមាំជាមួយបណ្តាប្រទេសសមាជិកអាស៊ាន រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។

ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌា និងកម្ពុជា បានពង្រីកការរៀបចំកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងលើផ្លូវសមុទ្រជាបន្តបន្ទាប់ ដោយកិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់លើការធ្វើលំហាត់សមយុទ្ធរួមគ្នា និងការបណ្តុះបណ្តាល។

ដំណើរទស្សនកិច្ចរបស់នាវា INS Kulish មកកាន់មូលដ្ឋានសមុទ្ររាម គឺជាការបន្តពង្រឹងលើមាគ៌ានេះ និងបានបង្ហាញពីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ ក្នុងការអភិវឌ្ឍដៃគូលើផ្លូវសមុទ្រមួយឱ្យកាន់តែរឹងមាំ និងមានលក្ខណៈស្ថាប័នច្បាស់លាស់។

ការមកដល់នេះ លោកឧត្តមនាវីត្រី អ៉ិន សុខេមរា មេបញ្ជាការរង​ មូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប បានអញ្ជើញ​ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ប្រតិភូនាវាកងទ័ពជើងទឹកឥណ្ឌា ឈ្មោះ INS KULISH (P63) ដឹកនាំដោយលោកវរនាវីទោ Suraj Kumar Singh មេបញ្ជាការនាវា ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

លក្ខណៈបច្ចេកទេសនាវា INS KULISH (P63)
- ទម្ងន់ផ្ទុក ១៤៤៩តោន
- បណ្ដោយ ៩១,១៦ម៉ែត្រ
- ទទឹង ១០,៤៦ម៉ែត្រ
- ជម្រៅទឹក ៤,២៧ម៉ែត្រ
- មេបញ្ជាការនាវា វរនាវីទោ Suraj Kumar Singh៕


أحدث أقدم