អាជ្ញាធរខេត្តកណ្តាល ជំរុញការដោះស្រាយវិបត្តិកង្វះទឹកស្អាត ជូនពលរដ្ឋនិងពន្លឿនការសាងសង់ស្ថានីយថ្មី

ដើម្បីឆ្លើយតបចំពោះក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធ នឹង បញ្ហាប្រឈមក្នុងការប្រើប្រាស់ទឹកស្អាត លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានចាត់ឱ្យ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្ត ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការផលិត និងការផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុន «ហ្គោលដេន ប៊ុល ខូអិលធីឌី» កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។


ការចុះពិនិត្យនេះបានធ្វើឡើងនៅទីតាំងស្ថានីយចំនួន ២កន្លែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ និងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ដោយមានការចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាជ្ញាធរក្រុង និងអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះ ក្រុមការងារបានពិនិត្យមើលប្រព័ន្ធប្រព្រឹត្តកម្ម ម៉ូទ័របូមទឹក និងប្រព័ន្ធសម្របសម្រួលសម្ពាធទឹកស្វ័យប្រវត្តិ។ ជាមួយគ្នានេះ មន្ទីរជំនាញបានធ្វើតេស្តគុណភាពទឹកដោយប្រើម៉ាស៊ីនពិនិត្យជាក់ស្តែង ដោយលទ្ធផលបង្ហាញថា ទឹកស្អាតមានគុណភាពល្អត្រឹមត្រូវតាមស្តង់ដារ។

បើតាមការបញ្ជាក់ពីអាជ្ញាធរ បញ្ហាហូរខ្សោយ ការបើកទឹកមិនចេញ ឬទឹកមានសភាពល្អក់ជួនកាល (ពេលតបណ្តាញថ្មី) កើតឡើងដោយសារតំបន់សង្កាត់ស្វាយរលំ និងសង្កាត់សិត្បូ មានការអភិវឌ្ឍយ៉ាងលឿន រួមមានកំណើនរោងចក្រ សហគ្រាស លំនៅដ្ឋាន និងចំនួនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងហួសពីសមត្ថភាពផ្គត់ផ្គង់របស់ស្ថានីយបច្ចុប្បន្ន។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខ រដ្ឋបាលខេត្តបានរញ៉ោច និងជំរុញឱ្យក្រុមហ៊ុនបន្ថែមអាងស្តុកទឹកបណ្តោះអាសន្ន។ ជាលទ្ធផល ក្រុមហ៊ុនបានបន្ថែមធុងស្តុកទឹកស្អាតចំនួន ៤ធុង ដែលមានចំណុះសរុប ៤០,០០០លីត្រ នៅភូមិសិត្បូ ដោយតភ្ជាប់ចេញពីស្ថានីយភូមិលេខ៣ ដើម្បីជួយសម្រួលការចែកចាយទឹកជូនពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់ជាបណ្តោះអាសន្ន។

សម្រាប់ដំណោះស្រាយយូរអង្វែង ក្រុមហ៊ុនហ្គោលដេន ប៊ុល កំពុងដំណើរការសាងសង់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែមមួយទៀតនៅក្នុងភូមិសិត្បូ ដែលមានទំហំធំជាងស្ថានីយចាស់។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តថា ការសាងសង់ស្ថានីយថ្មីនេះនឹងត្រូវបញ្ចប់ជាស្ថាពរនៅចុងខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់ និងមានស្ថេរភាពជូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំងពីរ៕

Previous Post Next Post