អភិបាលខេត្តប៉ៃលិន ដាក់បទបញ្ជាជាកំហិតដល់ទីតាំងកាស៊ីណូទាំង ៨ ឱ្យបញ្ឈប់សកម្មភាពល្បែងស៊ីសងតាមអនឡាញ

 ប៉ៃលិន÷ តាមរយៈកិច្ចប្រជុំបន្ទាន់មួយអភិបាលខេត្តប៉ៃលិន បានដាក់បទបញ្ជាទៅដល់ម្ចាស់ទីតាំងកាស៊ីណូទាំង ៨ ឲ្យបញ្ឈប់សកម្មភាពប្រព្រឹត្តលេងល្បែងស៊ីសងតាមអនឡាញឱ្យអស់នៅចុងខែកញ្ញា។

ក្រោមខ្លឹមសារកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា÷ ក្រុមហ៊ុនកាស៊ីណូចំនួន ៨ទីតាំង ដែលស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅត្រូវបញ្ឈប់ជាដាច់ខាតនូវសកម្មភាពភ្នាល់តាមប្រព័ន្ធអនឡាញ ឬ Online Betting ឲ្យអស់ត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ខាងមុខ។ ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ពិសេសល្បែង Online Betting គឺជាវិធានការសំខាន់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារជីវភាពប្រជាពលរដ្ឋ។

លោកជំទាវអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឱ្យបន្តតាមដាន និងអនុវត្តបទបញ្ជាខាងលើឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យខេត្តប៉ៃលិនក្លាយជាខេត្តគំរូគ្មានសកម្មភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។

គួរបញ្ជក់ថា÷ ការដាក់ឱសានវាទជាកំហិតឱ្យកាស៊ីណូ ទាំង ៨ ឋិតក្នុងទីប្រជុំជនក្រុងរបស់លោកជំទាវអភិបាលខេត្តខាងលើជាការអនុវត្តស្របតាមវិធានការរបស់រដ្ឋាភិបាល ដែលកំពុងអនុវត្តទប់ស្កាត់ បង្រ្កាបល្បែងអនឡាញឲ្យអស់ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមទាំងមូល៕

أحدث أقدم