នគរបាលព្រហ្មទណ្ឌស្រាល ស្រាវជ្រាវរយៈពេល៣ថ្ងៃ ឃាត់ជនសង្ស័យ១៤នាក់ ពាក់ព័ន្ធបទល្មើស៧ករណី

កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបក្រុមក្មេងទំនើងយ៉ាងក្តៅគគុក អស់រយៈពេល ៣ថ្ងៃ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៤ នាក់ ជាបន្តបន្ទាប់ ដែលធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការបង្ហាញមុខនេះដែរបានធ្វើឡើងនៅព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់នីតិវិធីសាកសួរ។


ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងសម្របសម្រួលបញ្ជាប្រតិបត្តិការដោយ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។

សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ បានចុះស្រាវជ្រាវរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៦ រហូតឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១៤នាក់ ដែលជាសមាជិកនៃក្រុមក្មេងទំនើងចំនួន ៣ ក្រុម «ក្រុមផ្ទះអុី (T E)» «ក្រុមព្រៃស» និង «ក្រុមទួលពង្រ (TPR)» ដែលបានប្រព្រឹត្តបទល្មើសចំនួន ០៧ ករណី យ៉ាងសកម្ម ក្នុងមូលដ្ឋានភូមិសាស្រ្តរាជធានីភ្នំពេញ ។ ក្នុងនោះរួមមាន អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ៦ករណី និង លួចមានស្ថានទម្ងន់ទោស ១ករណី ។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៤ នាក់ រួមទាំងវត្ថុតាង ពាក់ព័ន្ធនឹងសកម្មភាពកាប់ចាក់ និងបង្កភាពវឹកវរក្នុងសង្គម ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ រដ្ឋា

أحدث أقدم