រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថាសំឡេងការពិតពីព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីការឈ្លានពានលើបូរណភាពទឹកដីកម្ពុជាដោយបំពានច្បាប់អន្តរជាតិ បានលាន់លឺជាបន្តបន្ទាប់ឥតដាច់ ។
ថ្លែងក្នុងសន្នីសីទប្រចាំថ្ងៃពាក់ព័ន្ធស្ថាន ការណ៍ព្រំដែននាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សំឡេងការពិតពីព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីការឈ្លានពានលើបូរណភាពទឹកដីកម្ពុជាដោយបំពានច្បាប់អន្តរជាតិ បានលាន់លឺជាបន្តបន្ទាប់ឥតដាច់តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិល្បីៗ ពីអ្នកស្រឡាញ់សន្តិភាព អ្នកការពារប្រជាជាតិ ដែលរងការរំលោភបំពាន និងអ្នកដែលផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោក។ នេះសបញ្ជាក់ថា ពិភពលោកមិននៅស្ងៀមឡើយចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកកម្ពុជា ខណៈដែលការងារការទូតបាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ខ្លាំងក្លា និងរស់រវើករបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹកកម្ពុជា ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជាថ្មីជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត។ ក្នុងន័យនេះ នយោបាយការទូត បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មនិងព្រមៗគ្នា ទាំងការរទូតក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ទាំងការទូតសភា ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃឱ្យបានឆាប់តាមមធ្យោបាយសន្តិវិធីដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការ និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ។

