ជំនួបទូតជាន់ខ្ពស់! កម្ពុជា-មីយ៉ាន់ម៉ា ប្តេជ្ញារួមដៃគ្នាកម្ទេចឧក្រិដ្ឋកម្មឆ្លងដែន

ទំនាក់ទំនងការទូតរវាងកម្ពុជា និងមីយ៉ាន់ម៉ា បានឈានដល់ចំណុចរបត់យុទ្ធសាស្ត្រថ្មីមួយទៀត តាមរយៈជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។

ជំនួបថ្នាក់ដឹកនាំកំពូលលើកនេះ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីការបន្តពូនជ្រំមិត្តភាពជាប្រវត្តិសាស្ត្រ និងការរវៃចក្រកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតល្មួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសង្កត់ធ្ងន់លើរបៀបវារៈសន្តិសុខតំបន់ដ៏ក្តៅគគុកផងដែរ។

ក្នុងការគាំទ្រគ្នាទៅវិញទៅមក ភាគីមីយ៉ាន់ម៉ាបានវាយតម្លៃខ្ពស់ចំពោះការប្រែប្រួលមុខមាត់ថ្មីយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងបានចាត់ទុកកម្ពុជាជា «មិត្តពិតប្រាកដ» ដែលតែងតែឈរនៅក្បែរ និងគាំទ្រមីយ៉ាន់ម៉ាទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ ជាពិសេសក្នុងអាណត្តិដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២។

ជាអាទិភាព ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើ ៦ វិស័យសសរទ្រូង រួមមាន សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, សន្តិសុខនិងការពារជាតិ, ការអប់រំ, កិច្ចការសាសនា និងការឆ្លើយតបចំពោះបទល្មើសបច្ចេកវិទ្យា។

សូមជម្រាបថា ជាលទ្ធផលលេចធ្លោនៃជំនួបនេះ រដ្ឋាភិបាលទាំងពីរបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ដើម្បីលុបបំបាត់បទល្មើសឆ្លងដែនជាលក្ខណៈប្រព័ន្ធ ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និង ការជួញដូរគ្រឿងញៀន សំដៅរក្សាស្ថិរភាព និងសន្តិសុខជូនប្រជាជននៃប្រទេសទាំងពីរ និងតំបន់ទាំងមូល៕


أحدث أقدم