បន្ទាប់ពីមានការសម្រេចពីគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ព្រឹទ្ធសភាកម្ពុជាបានបើកសម័យប្រជុំពេញអង្គជាវិសាមញ្ញរបស់ខ្លួន ដោយចាប់ផ្ដើមពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។
មុនបញ្ជូនមកព្រឹទ្ធសភា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ត្រូវបានរដ្ឋសភាជាតិអនុម័តជាឯកច្ឆន្ទដោយសំឡេងគាំទ្រចំនួន១១០សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
សេចក្តីព្រាងច្បាប់នេះបានធ្វើវិសោធនកម្មលើមាត្រាចំនួន៤នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ មានមាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨។ ការធ្វើវិសោធនកម្មលើមាត្រាទាំង៤នេះ ត្រូវបានរាជរដ្ឋាភិបាល បញ្ជាក់ថា ដើម្បីបង្កើនការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ជាងមុនក្នុងការបម្រើប្រជាពលរដ្ឋ។
ជាការកត់សម្គាល់ ក្រៅពីការពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ខាងលើ សម័យប្រជុំព្រឹទ្ធសភា ដែលដឹកនាំដោយលោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា នៅព្រឹកនេះ ក៏ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីផងដែរ នោះគឺលោកស្រី ទេព្វ សំអូន ជំនួសលោក ទឹម ផន ដែលបានទទួលមរណភាព៕
