កម្ពុជាទម្លា.យល្បិចថៃ ៖ កុំយកពាក្យ «បទឈប់បា.ញ់» ធ្វើជាខែល ដើម្បីលេបទឹកដី និងបង្កើតព្រំដែនថ្មី

 រាជធានី​ភ្នំពេញ ៖ បទ​ឈប់​បាញ់​មាន​ន័យ​ថា គ្មាន​ការ​រុលទៅមុខ គ្មាន​ការ​បង្កើត​ស្ថានភាព​ថ្មី​លើ​ដី និង​គ្មាន​ការ​បង្កើត​ព្រំដែន​ថ្មី ។ មាន​សំណួរ​សាមញ្ញ​មួយ ដែល​ត្រូវ​ចោទសួរ​ចំពោះ​ស្ថានភាព​ព្រំដែន​កម្ពុជា​–​ថៃ​បច្ចុប្បន្ន «​តើ​បទ​ឈប់​បាញ់​អាច​ប្រែក្លាយ​ទឹកដី ដែល​ត្រូវ​បាន​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​ដោយ​ប្រើប្រាស់​កម្លាំង ទៅ​ជា​ទឹកដី​ស្របច្បាប់​របស់​អ្នកកាន់កាប់​នោះ​បាន​ឬទេ? ចម្លើយ គឺ​វា​មិន​អាច​ទៅ​រួច​ឡើយ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម នេត្រ ភក្ត្រា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

យោង​តាម​បណ្តាញ​សង្គម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៦​ថា នេះ​មិនមែន​គ្រាន់តែ​ជា​គោល​ជំហរ​របស់​កម្ពុជា​ទេ ដែល​មិន​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន ដែល​កែប្រែ​ដោយ​ប្រើប្រាស់​កម្លាំង ប៉ុន្តែ​វា​ស្រប​តាម​គោលការណ៍​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ស្រប​តាម​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​កម្ពុជា និង​ថៃ បាន​ចុះហត្ថលេខា​រួម​គ្នា ។

ឯកឧត្តម​ថា ចាប់ពី​ម៉ោង​១២:០០​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន ។ ចាប់ពី​ពេល​នោះ​ទៅ​ត្រូវ​មាន​គោលការណ៍​ច្បាស់លាស់ ៖ គ្មាន​ការ​រុលទៅមុខ​, គ្មាន​ការ​ផ្លាស់​ទី​កងទ័ព​បន្ថែម​, គ្មាន​ការ​ពង្រឹង​ការ​កាន់កាប់​ហួស​ពី​ភាគី​របស់​ខ្លួន ។ គ្មាន​ការ​រារាំង​ប្រជាពលរដ្ឋ​ពី​ការ​វិល​ត្រឡប់​ទៅ​ផ្ទះ​, ហើយ​សំខាន់​បំផុត គឺ​គ្មាន​ការ​បង្កើត​ព្រំដែន​ថ្មី ។ ប៉ុន្តែ​យោធា​ថៃ​មិន​បាន​គោរព​នូវ​រាល់​ចំណុច​នៃ​សេចក្តី​ប្រកាស​រួម​នេះ​ទេ ។

ឯកឧត្តម​ថា ថៃ​មិន​អាច​ជ្រើស​យក​តែ​កថា ខណ្ឌ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួន​បាន​ទេ ។ អំណះអំណាង​មួយ​របស់​ថៃ គឺ​សេចក្តីថ្លែងការណ៍​រួម​តម្រូវ​ឱ្យ​ភាគី​ទាំង​ពីរ រក្សា​ទីតាំង​កងទ័ព​បច្ចុប្បន្ន ដោយ​មិន​មានការ​ផ្លាស់​ទី​បន្ថែម ។ ដោយ​ផ្អែក​លើ​ចំណុច​នេះ​ថៃ​អះអាង​ថា ការ​រក្សា​ទីតាំង​កងទ័ព​របស់​ខ្លួន គឺជា​ការ​អនុ​វត្តបទ​ឈប់​បាញ់ មិនមែន​ជា​ការ​កាន់កាប់​ទឹកដី​ឡើយ ។ ប៉ុន្តែ​ការ​បកស្រាយ​បែប​នេះ មិន​ត្រឹមត្រូវ​ឡើយ​៖ កថា ខណ្ឌ​ទី​២ មិន​អាច​អាន​ដាច់​ដោយឡែក​ពី​កថាខណ្ឌ​ទី​៣ ទី​៤ និង​ទី​៦ បាន​នោះ​ទេ ។ ការ​បង្កក​ទីតាំង​កងទ័ព គឺជា​វិធានការ​យោធា​បណ្តោះអាសន្ន ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ ។ វា​មិនមែន​ជា​ការ​ទទួលស្គាល់​អធិបតេយ្យភាព​លើ​ទីតាំង ដែល​កងទ័ព​កំពុង​ឈរជើង​នោះ​ទេ ។ ប៉ុន្តែ​ក្រោយ​បទ​ឈប់​បាញ់ យោធា​ថៃ​បាន​រុលចូល​មក​ក្នុង​ទឹកដី​កម្ពុជា​យ៉ាង​ជ្រៅ និង​បាន និង​កំពុង​កាន់កាប់ និង​ធ្វើ​សកម្មភាព​សាងសង់​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា ដោយ​ហួស​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ រវាង​ប្រទេស​ទាំង​ពីរ និង​សូ​ម្បី​តែ​ខ្សែបន្ទាត់​ព្រំដែន​ឯកតោភាគី​របស់​ខ្លួន ដែល​ជា​គោល​ជំហរ​របស់​ខ្លួន​ក៏​ហួស​មក​ឆ្ងាយ​ផង​ដែរ ។

សេចក្តីថ្លែងការណ៍​រួម​ខ្លួនឯង​បាន​បិទ​ច្រក​ចំពោះ​ការ​បកស្រាយ​បែប​នេះ ។ កថាខណ្ឌ​ទី​៣ បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​រៀបចំ​ទាំងអស់​ក្រោម​សេចក្តី​ប្រកាស​រួម​នេះ​មិន​ប៉ះពាល់​ដល់​ការ​កំណត់ព្រំដែន និង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ ។ អ្វី​ដែល​សំខាន់ គឺ​ការ​បង្កក​ទីតាំង​កងទ័ព មិនមែន​ជា​ការ​បង្កក​អធិបតេយ្យភាព​ទេ ។ ទីតាំង​កងទ័ព មិនមែន​ជា​ខ្សែ​ព្រំដែន​ទេ ។ ការ​គ្រប់គ្រង​ជាក់ស្តែង មិនមែន​ជា​កម្មសិទ្ធិ​តាម​ច្បាប់​ទេ ។ បទ​ឈប់​បាញ់​រក្សា​ស្ថានភាព​បណ្តោះអាសន្ន ដើម្បី​បញ្ឈប់​អំពើ​ហិ​.​ង្សា ។ វា​មិន​អាច​ក្លាយជា​មធ្យោបាយ​ធ្វើ​ឱ្យ​ការ​កាន់កាប់​ដោយ​កម្លាំង​ក្លាយជា​ស្របច្បាប់​បាន​ឡើយ ។

ឯកឧត្តម​លើក​ឡើង​ថា សេចក្តី​ប្រកាស​រួម​មិន​បាន​ឈប់​ត្រឹម​ការ​ហាមឃាត់​ការ​រុល​កងទ័ព​ទេ ។ វា​ក៏​បាន​ហាម​សកម្មភាព​បង្កហេតុ និង​កំណត់​ថា ភាគី​ទាំង​ពីរ​ត្រូវ​ជៀសវាង​ការ​សាងសង់ ឬ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​បន្ទាយ​យោធា​ហួស​ពី​ភាគី​របស់​ខ្លួន ។ ពាក្យ​នេះ មាន​សារៈសំខាន់​ណាស់ ។ ដូច្នេះ បើ​យោធា​ថៃ​បាន​ដាក់​លួស​បន្លា កុងតឺន័រ ការ​ជីក​លេណដ្ឋាន ការ​សាងសង់​បន្ទាយ ការ​បង្កើត​ផ្លូវ ឬ​ការ​ពង្រឹង​ទីតាំង​នៅ​លើ​ទឹកដី​ដែល​តាម​ច្បាប់​ជា​របស់​កម្ពុជា​នោះ​មិន​អាច​ការពារ​ដោយ​អំណះអំណាង​ថា​«​យើង​គ្រាន់តែ​រក្សា​ទីតាំង​កងទ័ព​» បាន​នោះ​ទេ ។

ការ​សាងសង់ និង​ការ​ពង្រឹង​ទីតាំង​ក្រោយ​បទ​ឈប់​បាញ់ បាន និង​កំពុង​បង្ហាញ​ថា ភាគី​ថៃ​បាន និង​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ការ​កាន់កាប់​របស់​ខ្លួន​កាន់តែ​រឹង​មាំ និង​បង្កើត​ការ​ពិត​ថ្មី​ដែល​ខ្លួន​ចង់​យក​មក​ប្រើប្រាស់​នៅ​ពេល​ក្រោយ​ឈាន​ទៅ​កាន​ភ្ជាប់​ទឹកដី​កម្ពុជា​ទៅ​ទឹកដី​ថៃ (annexation) ដែល​ជា​សកម្មភាព​ខុសច្បាប់ រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា សិទ្ធិ​វិល​ត្រឡប់​របស់​ប្រជាពលរដ្ឋ គឺជា​ការ​ធ្វើតេស្ត​លើ​អំណះអំណាង​របស់​ថៃ ។ ប្រសិនបើ​ថៃ​អះអាង​ថា គ្មាន​ការ​កាន់កាប់​ដោយ​ខុសច្បាប់ តើ​ហេតុ​អ្វី​បានជា​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ជនភៀសសឹក​២០០០០ នាក់​មិន​អាច​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ខ្លួន​បាន? កថាខណ្ឌ​ទី​៤ នៃ​សេចក្តីថ្លែងការណ៍​រួម តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​រង​ផល​ប៉ះពាល់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ និង​ជីវភាព​ធម្មតា​របស់​ពួក​គេ ដោយ​គ្មាន​ការ​រារាំង ដោយ​សុវត្ថិភាព និង​មាន​សេចក្តី​ថ្លៃថ្នូរ ។ ដូច្នេះ ប្រសិនបើ​គ្រួសារ​ជន​ភៀស​សឹ​ល​មិន​អាច​ចូល​ផ្ទះ ចូល​ដីស្រែ ឬ​ត្រឡប់​ទៅ​ភូមិដ្ឋាន​របស់​ខ្លួន​បាន ដោយសារ​មាន​យោធា​ថៃ​បាន​ដាក់​របាំង​បិទផ្លូវ រាយ​លួស​បន្លា ឬ​កុងតឺន័រ​រារាំង នោះ​បញ្ហា​នេះ​មិន​អាច​បិទ​បាំង​ក្រោម​ពាក្យ «​រក្សា​ទីតាំង​កងទ័ព​បច្ចុប្បន្ន​» បាន​ទេ ។ វា គឺជា​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា និង​បាន​រំលោភសិទ្ធិ​មនុស្ស និង​ច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។

ការ​គ្រប់គ្រង​ដោយ​កម្លាំង​មិន​អាច​លុប​បំបាត់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​លើ​ផ្ទះសម្បែង និង​ទឹកដី​របស់​ពួក​គេ​បាន​ទេ ។ ថៃ​មិន​អាច​និយាយ​ពីរ​យ៉ាង​ដែល​ផ្ទុយ​គ្នា​ក្នុង​ពេល​តែ​មួយ​បាន​ទេ ។ នេះ​ជា​ចំណុច​ដែល​ថៃ​ត្រូវ​ឆ្លើយ​ឱ្យ​បាន​ច្បាស់ ។ ប្រសិនបើ​ថៃ​និយាយ​ថា ខ្លួន​គោរព​សេចក្តី​ប្រកាស​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ទាំងស្រុង ប៉ុន្តែ​ពេល​ជាមួយ​គ្នា​នោះ ថៃ​អះអាង​ថា ខ្លួន​អាច​រក្សា​ការ​គ្រប់គ្រង​លើ​ទឹកដី​ដែល​កម្ពុជា​អះអាង និង​មាន​មូលដ្ឋាន​ច្បាប់​ថា​ជា​ទឹកដី​កម្ពុជា ដោយ​យកពាក្យ «​ទីតាំង​កងទ័ព​បច្ចុប្បន្ន​» មក​ធ្វើ​ជា​ខែល នោះ​អំណះអំណាង​ទាំង​ពីរ​មិន​អាច​ឈរ​ជាមួយ​គ្នា​បាន​ទេ ។ ថៃ​ខ្លួនឯង​បាន​ចុះហត្ថលេខា​លើ​កថាខណ្ឌ​ដែល​ចែង​ថា ការ​រៀបចំ​ក្រោម​បទ​ឈប់​បាញ់ មិន​ប៉ះពាល់​ដល់​ព្រំដែន​អន្តរជាតិ ។ ដូច្នេះ ថៃ​មិន​អាច​យក​កថាខណ្ឌ​ទី​២ មក​បង្កើត​ផល​ដែល​កថាខណ្ឌ​ទី​៣ ហាមឃាត់​បាន​ទេ ។ មិន​អាច​និយាយ​ថា «​ទីតាំង​កងទ័ព​មិន​ពាក់ព័ន្ធ​នឹង​ព្រំដែន​» នៅ​ពេល​ចុះហត្ថលេខា ហើយ​បន្ទាប់​មក​ប្រើ​ទីតាំង​កងទ័ព ដើម្បី​បង្កើត​ស្ថានភាព​ដែនដី​ដែល​ខ្លួន​ចង់​រក្សា​ទុក​បាន​ឡើយ ។ ថៃ​មិន​អាច​ជ្រើស​យក​តែ​ផ្នែក​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួន ហើយ​មិន​អើពើ​នឹង​កាតព្វកិច្ច​ដែល​ភ្ជាប់​ជាមួយ​ផ្នែក​នោះ​បាន​ឡើយ ។ កិច្ចព្រមព្រៀង​ត្រូវ​តែ​អាន និង​អនុវត្ត​ជា​រួម មិនមែន​ជ្រើស​យក​តែ​កថាខណ្ឌ​មួយ ដើម្បី​បដិសេធ​កថាខណ្ឌ​ផ្សេង​ទៀត​ឡើយ ។ បទ​ឈប់​បាញ់​មិនមែន​ជា​ប័ណ្ណកម្មសិទ្ធិ​លើ​ដែនដី​ទេ ។ កងទ័ព​ឈរ​នៅ​ទីណា​នៅ​ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ មិន​អាច​កំណត់​ថា ព្រំដែន​អន្តរជាតិ​ស្ថិត​នៅ​ទីនោះ​បាន​ឡើយ​។ ទីតាំង​យោធា គឺជា​ស្ថានភាព​ជាក់ស្តែង​បណ្តោះអាសន្ន​; ព្រំដែន​គឺជា​បញ្ហា​ច្បាប់ ។

ដូច្នេះ រាល់​ការ​រុលទៅមុខ​ក្រោយ​បទ​ឈប់​បាញ់ រាល់​ការ​ដាក់​លួស​បន្លា កុងតឺន័រ ការ​ជីក​លេណដ្ឋាន ការ​សាងសង់​ផ្លូវ បន្ទាយ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​លើ​ទឹកដី​កម្ពុជា មិន​អាច​បង្កើត​សិទ្ធិ​អធិបតេយ្យភាព​ឱ្យ​ថៃ​បាន​ឡើយ ។ ការ​គ្រប់គ្រង​ដោយ​កម្លាំង​មិន​បង្កើត​កម្មសិទ្ធិ​តាម​ច្បាប់ ហើយ fait accompli មិន​អាច​ប្រែ​ក្លាយទៅជា​ព្រំដែន​អន្តរជាតិ​បាន​ទេ ។ បើ​ថៃ​អះអាង​ថា ខ្លួន​គោរព​សេចក្តីថ្លែងការណ៍​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ នោះ​ការ​គោរព​ត្រូវ​មាន​អត្ថន័យ​ជាក់ស្តែង ៖ មិន​រុលទៅមុខ មិន​បង្កើត​ស្ថានភាព​ថ្មី​លើ​ដី មិន​ពង្រឹង​ការ​គ្រប់គ្រង​ដោយ​កម្លាំង មិន​រារាំង​ប្រជាពលរដ្ឋ​កម្ពុជា​ពី​ការ​វិល​ត្រឡប់​ទៅ​ផ្ទះ និង​មិន​យក​ទីតាំង​យោធា​បណ្តោះអាសន្ន​ទៅ​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​ទាមទារ​ដែនដី​ឡើយ​។ នេះ​គឺជា​ស្នូល​នៃ​បទ​ឈប់​បាញ់​៖ គ្មាន​ការ​រុលទៅមុខ​។ គ្មាន fait accompli​។ គ្មាន​ខ្សែបន្ទាត់​ព្រំដែន​ថ្មី ៕

أحدث أقدم