រដ្ឋមន្រ្តីអប់រំ៖ សិស្សនៅខេត្តជាប់ព្រំដែនទោះឆ្លងកាត់សង្គ្រាម ប្រែក្លាយការឈឺ​ចាប់ខិតខំរៀនសូត្រទទួលបានលទ្ធផលល្អបាក់ឌុប

 រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា លទ្ធផលដ៏ល្អប្រសើរនៃការប្រឡងបាក់ឌុបឆ្នាំ២០២៦ របស់សិស្សានុសិស្សនៅខេត្តជាប់ព្រំដែនទាំង៣ គឺព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ជាសក្ខីភាពយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ដោយបាន «ប្រែក្លាយការឈឺចាប់ទៅជាកម្លាំងជំរុញ» ព្រមទាំងឆ្លុះបញ្ចាំងពីការខិតខំបង្រៀនយ៉ាងសកម្មរបស់លោកគ្រូ អ្នកគ្រូ។ ខេត្តទាំងបីនេះ ត្រូវបានរងការឈ្លានពីយោធាថៃ​ បណ្តាលឱ្យសាលាជាច្រើនរងការខូចខាត និងសិស្សជាច្រើននាក់ត្រូវបានជម្លៀសហើយកំពុងរៀននៅតាមជំរំបណ្តោះអាសន្ន។


លោក ហង់ជួន ណារ៉ុន បានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចុះជួបសំណេះសំណាល សួរសុខទុក្ខគណៈកម្មការគ្រប់គ្រងជំរំ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅជំរំសុវត្ថិភាពតាកឹងបៃតង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

លោកបានបញ្ជាក់ថា លទ្ធផលនៃការប្រឡងបាក់ឌុបរបស់សិស្សនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ គឺជាសក្ខីភាពមួយដែលបង្ហាញពីការតស៊ូរៀនសូត្ររបស់សិស្ស ទោះបីជាត្រូវប្រឈមនឹងការលំបាកក្នុងស្ថានភាពជម្លោះព្រំដែនក៏ដោយ។ ជាមួយគ្នានេះ លទ្ធផលនេះក៏ឆ្លុះបញ្ចាំងពីការខិតខំបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការគាំទ្រលើកទឹកចិត្តពីគ្រួសារ អាណាព្យាបាល និងសហគមន៍ ក្នុងការលើកកម្ពស់គុណភាពអប់រំ។

ក្នុងឱកាសនោះ លោក ហង់ជួន ណារ៉ុន បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មការគ្រប់គ្រងជំរំ និងបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានបន្តបំពេញភារកិច្ចបង្រៀនសិស្សនៅគ្រប់កាលៈទេសៈ ព្រមទាំងថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលបានបន្តបញ្ជូនកូនមកទទួលការអប់រំ ទោះបីការរស់នៅជួបការលំបាកក៏ដោយ។

ក្រសួងអប់រំ ក៏បានកោតសរសើរស្មារតីតស៊ូសិស្សនៅខេត្តជាប់ព្រំដែនជាមួយថៃ ទោះឆ្លងកាត់សង្គ្រាម ប៉ុន្តែអត្រាប្រឡងជាប់បាក់ឌុបឆ្នាំ ២០២៦ មិនចាញ់ខេត្តដទៃ ក្នុងនោះរួមមាន អត្រាប្រឡងជាប់ ខេត្តឧត្តរមានជ័យ ៨៩.៤៤ % ព្រះវិហារ ៨៧.៩៦ និងខេត្តបន្ទាយមានជ័យ ៨៤.៣៧ %។

លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ការអប់រំត្រូវតែបន្តប្រកបដោយភាពធន់ និងនវានុវត្តន៍ ដើម្បីធានាឱ្យសិស្សានុសិស្សនៅតាមជំរំសុវត្ថិភាពអាចបន្តការសិក្សាបាន ទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។

ក្នុងពេលចុះជួបនេះ គណៈប្រតិភូក្រសួងអប់រំ បានចូលរួមសកម្មភាពរៀបចំអាហារជូនសិស្សបរិភោគ តាមកម្មវិធីផ្តល់អាហារតាមសាលារៀនសម្រាប់សិស្សនៅតាមជំរំសុវត្ថិភាព ដែលទទួលបានការគាំទ្រថវិកាពីសប្បុរសជនជប៉ុន តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ គណៈប្រតិភូក៏បានពិនិត្យស្ថានភាពថ្នាក់រៀនបណ្ដោះអាសន្ន ហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញជំរំ និងមណ្ឌលសុខភាព ដើម្បីវាយតម្លៃតម្រូវការជាក់ស្តែង និងបន្តកែលម្អបរិស្ថានសិក្សា និងការរស់នៅរបស់បុគ្គលិកអប់រំ និងសិស្សឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បាននាំយកសម្ភារប្រើប្រាស់ សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ដែលទទួលបានពីសប្បុរសជន ប្រគល់ជូនគណៈកម្មការគ្រប់គ្រងជំរំ និងលោកគ្រូ អ្នកគ្រូ ដើម្បីជួយសម្រាលជីវភាព និងគាំទ្រដល់ដំណើរការសាលារៀនបណ្ដោះអាសន្ន៕

أحدث أقدم