ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៧ នៃរដ្ឋសភា ដោយមានគណៈប្រតិភូអមរួមមាន៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។
សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ចំនួន ៣ រួមមាន៖
ទី១. ពង្រឹងវិធានការព្រហ្មទណ្ឌ ៖ ( កំណត់ទោសទណ្ឌច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងរីករាលដាល។
ទី២. កិច្ចការពារសន្តិសុខសង្គម ៖ (ចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែប្រសើរ ស្របតាមការវិវត្តនៃសង្គមឌីជីថល។
ទី៣. កិច្ចសហប្រតិបត្តិការ៖ (លើកកម្ពស់យន្តការសហការរវាងស្ថាប័នពាក់ព័ន្ធ ទាំងក្នុង និងក្រៅប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យាឱ្យមានសក្តានុពល។
ជាលទ្ធផល អង្គរដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសំឡេង ១១២សំឡេង នៃសមាជិករដ្ឋសភាទាំង ១១២ (សំឡេងឯកច្ឆន្ទ) ហើយក្នុងនោះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់សមាជិកសភា ក្នុងការបង្កើតឧបករណ៍គតិយុត្តិ ដើម្បីការពារប្រជាពលរដ្ឋពីការចាញ់បោកតាមប្រព័ន្ធអនឡាញ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមឌីជីថល៕










