វិមានក្រឹមឡាំងថា សម្ដីរបស់លោក ត្រាំ លើបញ្ហាអ៊ុយក្រែន ស្របនឹងទស្សនៈរបស់រុស្ស៊ី

មូស្គូ៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃពុធថា សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីអ៊ុយក្រែន ដែលថាទីក្រុងមូស្គូនឹងឈ្នះសង្គ្រាម ហើយទីក្រុងកៀវនឹងត្រូវកាត់ទឹកដី គឺស្របគ្នាទៅនឹងទស្សនៈរបស់រុស្ស៊ី។

នៅក្នុងបទសម្ភាសន៍ជាមួយ Politico លោក ត្រាំ បានហៅមេដឹកនាំអឺរ៉ុបថា «ខ្សោយ» និងបានអះអាងថា អ៊ុយក្រែននឹងមិនអាចចូលរួមជាមួយណាតូបានទេ។ លោកក៏បានអំពាវនាវឱ្យលោក ហ្សេលេនស្គី រៀបចំការបោះឆ្នោតផងដែរ។

 

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកសារព័ត៌មានថា «តាមវិធីជាច្រើន លើប្រធានបទសមាជិកភាពណាតូ ទឹកដី និងការបាត់បង់ដីរបស់អ៊ុយក្រែន វាស៊ីចង្វាក់គ្នាទៅនឹងការយល់ឃើញរបស់យើង»។ លោកបានចាត់ទុកការលើកឡើងរបស់លោក ត្រាំ ថា «សំខាន់ខ្លាំងណាស់»

 

សូមជម្រាបថា ក្រោយការអត្ថាធិប្បាយនេះ លោក ហ្សេលេនស្គី បានឆ្លើយតបថា លោកត្រៀមខ្លួនរៀបចំការបោះឆ្នោតថ្មី ប្រសិនបើមានការធានាសន្តិសុខ ទោះបីជាច្បាប់អាជ្ញាសឹកបច្ចុប្បន្នហាមឃាត់ការបោះឆ្នោតក៏ដោយ៕ (AFP)

Previous Post Next Post