ភ្នំពេញ៖ ជនជាតិចិនចំនួន ១២១នាក់ ក្នុងនោះមានស្ត្រី ២នាក់ ដែលសមត្ថកិច្ចរកឃើញថា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស។

ការបណ្តេញចេញនេះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយអនុវត្តតាមអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់វិធានការបណ្តេញជនជាតិចិនទាំង ១២១នាក់ ចេញពីប្រទេសកម្ពុជា។

ជនបរទេសទាំងនេះ ត្រូវបានសមត្ថកិច្ចរកឃើញថា ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់ ការលួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់ ការគ្មានលិខិតឆ្លងដែន ព្រមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការបណ្តេញចេញជនបរទេសដែលប្រព្រឹត្ត ឬពាក់ព័ន្ធបទល្មើស ត្រូវបានអនុវត្តតាមនីតិវិធីច្បាប់ និងជាផ្នែកមួយនៃការពង្រឹងការគ្រប់គ្រងជនបរទេស និងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។
