មណ្ឌលភ្នំពេញ​ មានបេក្ខជនប្រឡងជាប់បាក់ឌុបជាង ២ ម៉ឺន ២ ពាន់នាក់ ត្រូវជា ៧៧.៨៩% ក្នុងនោះ និទ្ទេស A មាន ៧៨៣ នាក់

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២ កញ្ញា នេះថា មណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ចំនួន ២២ ៤៦១ នាក់ ស្រី ១២ ៣១២ នាក់ លើបេក្ខជនបានមកប្រឡងសរុប ២៨ ៨៣៥ នាក់ ត្រូវជា ៧៧.៨៩% ស្រី ៨៤.៥៣%។

លោកប្រធានមន្ទីរ បានបន្តថា ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៧៨៣ នាក់ ស្រី ៤១៧ នាក់ លើ ២ ០២២ នាក់ នៅទូទាំងប្រទេស និទ្ទេស B មានចំនួន ២ ៣១៧ នាក់ ស្រី ១ ៣៧៣ នាក់ និទ្ទេស C ចំនួន ៤ ៤៤៣ នាក់ ស្រី ២ ៦៣០ នាក់ និទ្ទេស D ចំនួន ៦ ៩១៣ នាក់ ស្រី ៣ ៩០៧ នាក់ និង និទ្ទេស E ចំនួន ៨ ០០៥ នាក់ ស្រី ៣ ៩៨៥ នាក់។

លោកប្រធានមន្ទីរ បន្តទៀតថា ចំនួននេះ បើធៀបទៅនឹងឆ្នាំមុនឃើញថា មានការថយចុះ ខណៈឆ្នាំមុន មានបេក្ខជនប្រឡងជាប់ចំនួន ២១ ៣៨៦ នាក់ (ស្រី ១១ ៣៩៥ នាក់) ស្មើនឹង ៧៨.៥៥% នៃបេក្ខជនមកប្រឡងចំនួន ២៧ ២២៥ នាក់ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០២៣ នាក់ ស្រី ៥៥៦ នាក់ និទ្ទេស B ចំនួន ២ ៣២២ នាក់ និទ្ទេស C ចំនួន ៤ ៨៥៨ នាក់ និទ្ទេស D ចំនួន ៦ ៩០៤ នាក់ និង និទ្ទេស E ចំនួន ៦ ២៧៩ នាក់។

ក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់ចំនួន ១២៥ ៩៧៥ នាក់ ស្មើនឹង ៨៤.០៦%ក្នុងចំណោមបេក្ខជនមកប្រឡងចំនួន ១៤៤ ៨៤៨ នាក់។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់ និទ្ទេស B ចំនួន ៨ ៨៤៨ នាក់ និទ្ទេស C ចំនួន ២៣ ៤២២ នាក់ និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់ និង និទ្ទេស E ចំនួន ៤៦ ៨១៤ នាក់ ខណៈឆ្នាំមុន មានបេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ត្រូវជា ៨៤.៥៦ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួនប្រហាក់ប្រហែលឆ្នាំនេះ។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់ , និទ្ទេស B ចំនួន ៩ ៩០១ នាក់ , និទ្ទេស C ចំនួន ២៨ ៨០១ នាក់ , និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់ , និង និទ្ទេស E ចំនួន ៣៤ ៩០៩ នាក់៕







Previous Post Next Post